ក្មេងស្រីម្នាក់ ត្រូវបានគេរាយការណ៍មកថា បានរអិលជើងចូលទឹកប្រឡាយជម្រៅជ្រៅ ខណៈចុះរើសខ្យងតាមផ្លូវ បណ្ដាលឲ្យលង់បាត់បង់ជីវិតតែម្ដង នៅចំណុចផ្លូវក្រវ៉ាត់ព្រុំដែនខ្មែវៀតណាម នៅភូមិបុស្សលិច ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាវេលាម៉ោង ៩.១៧នាទីព្រឹក ថ្ងៃទី១៨ មិនា ឆ្នាំ២០២៣។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ ថេង ស្រីនាត អាយុ១១ឆ្នាំ រៀនថ្នាក់ទី៦ នៃសាលាបឋមសិក្សាប៊ុនរ៉ានី ហ៊ុនសែនចំបក់ រស់នៅភូមិបុស្ស ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងជាក្មេងស្រីរៀនពូកែជាប់ចំណាត់ថ្នាក់លេខ១ ឬលេខ២ រៀងរាល់ខែថែមទៀត។
តាមការអះអាងរបស់មិត្តភ័ក្ដិក្មេងស្រីរងគ្រោះរៀបរាប់ថា ប្អូនស្រី និងមិត្តភ័ក្ដិបាននាំគ្នាទៅលេងផ្ទះយាយ ជិះម៉ូតូមួយពីរនាក់ ដោយស្រីនាថអ្នកឌុប ពេលជិះមកដល់កន្លែងផ្លូវបែកជាបួន ចំណុចក្រវ៉ាត់ព្រំដែន ស្រីនាថ ក៏ឈប់ចុះលាងជើង ហើយក៏បានឃើញខ្យងធំៗ រួចក៏បានចុះរើសខ្យង
ស្រាប់តែរអិលជើងធ្លាក់ទឹក ហើយមិត្តភ័ក្ដិមិនចេះហែលទឹកក៏មិនហ៊ានជួយ បានត្រឹមស្រែកហៅគេឲ្យជួយ តែពុំមានអ្នកនៅជិត ទម្រាំសមត្តិកិច្ច ចុះរាវរកឃើញប្អូនស្រី ក៏ហួសពេលទៅហើយ៕