ថ្មីៗនេះ មានរឿងបង្កឲ្យមានការវែកញែក ផ្អើលពេញបណ្តាញសង្គមទៀតហើយ ទាក់ទងសកម្មភាពលោកសង្ឃចំនួន ៥ អង្គ ដោយមិនដឹងថា ជាព្រះសង្ឃត្រឹមត្រូវ ឬ ក្លែងក្លាយនោះទេ ដែលបានបង្ហាញខ្លួន «បិណ្ឌបាត» ដ៏ចម្លែក ស្ថិតនៅមុខរោងចក្រ ទាំងព្រឹកព្រលឹមអុរតែម្តង។
ជាក់ស្តែង នារីជាកម្មការិនីម្នាក់ បានថតបង្ហាញឲ្យឃើញព្រះសង្ឃក្មេងៗចំនួន ៥ អង្គ កំពុងឈរបិណ្ឌបច្ច័យ នៅសងខាងច្រកចូលមុខរោងចក្ររបស់នាង ខណៈសង្ឃខ្លះសូម្បីធ្វើដូចអ្នកសុំទានអ៊ីចឹង។ តាមរយៈទង្វើមកបិណ្ឌបាតទាំងព្រឹកព្រលឹមដ៏ចម្លែកនេះ បានធ្វើឲ្យនាងកើតជាចម្ងល់យ៉ាងខ្លាំង ព្រោះបើតាមនាងដឹង គឺព្រះសង្ឃនៅវត្តស្រុកស្រែ ពុំមានទម្លាប់បិណ្ឌបាតទាំងព្រឹកបែបនេះនោះទេ។
តែអ្វីដែលធ្វើឲ្យរូបនាង កាន់តែសង្ស័យថាអាចជាលោកសង្ឃក្លែងក្លាយនោះ គឺត្រង់ថា ថ្ងៃសិល៍ ហេតុអ្វីបានជាមានលោកសង្ឃមកបិណ្ឌបាត? និងសូម្បីគ្មាន «បាត» គឺមានតែថង់យាម (ថង់ដាក់លុយ) ប៉ុណ្ណោះ។ លើសពីនេះ គឺនៅពេលរូបនាងទាញកាមេរ៉ាថត ស្រាប់តែលោកសង្ឃទាំងនោះ ហាក់ខ្លាចកាមេរ៉ា «ផ្អើល» ប្រញាប់ប្រញាល់នាំគ្នាដើរចាកចេញភ្លាមៗតែម្តង។
ពិតណាស់ គ្រាន់តែឃើញសកម្មភាពដ៏ខុសទំនងបែបនេះ មហាជនជាច្រើនបានជឿជាក់ថា លោកសង្ឃទាំងនោះ គឺជាលោកសង្ឃក្លែងក្លាយ ១០០% តែម្តង ព្រោះឥឡូវសម្បូរណាស់។ ក្នុងនោះ ពលរដ្ឋអ្នកលេងបណ្តាញសង្គមម្នាក់ បានប្រាប់ទៅកម្មការិនីរូបនោះថា៖ «ក្មួយស្រីពូបា្របក្មួយស្រីឲ្យបានដឹងសង្សដែលក្មួយស្រីឆ្ងល់នោះ គឺសង្សក្លែងក្លាយទេ សូមក្នួយស្រីពិនិត្យ បើសង្ឃពេញច្បាប់ម៉ោង៧កន្លះ ទើបសង្ឃចេញបិណ្ឌបាត សង្ឃដែលក្មួយស្រីឃើញទាំងព្រឹកនោះ គឺសង្សក្លែងក្លាយទេ ពូសូមប្រាប់ក្មួយស្រីឲ្យដឹងជាមុនណាក្មួយ»៕ អត្ថបទ៖ CEN